នៅពេលចូលធ្វើការ ទើបយើងដឹងថា អ្នកផ្ទះ និងញាតិមិត្ត សំខាន់កម្រិតណា ក្នុងជីវិតដ៏ជូរចត់របស់យើង ! នៅកន្លែងធ្វើការ មានមនុស្សល្អមិនច្រើនទេ តែសម្បូរទៅដោយមនុស្ស ក្លែងក្លាយគ្រប់ជាន់ គ្រប់ធុន គ្រប់ក្លិន និងគ្រប់រសជាតិ។
អ្នកខ្លះញញឹមដាក់យើងរហូត តែធាតុពិត ក្នុងចិត្តគេកំពុងតែចង់ សុីសាច់ ហុតឈាម អង្គៀមឆ្អឹងយើង យ៉ាងអន្ទះអន្ទែង។ ខ្លះទៀត សរសើរ គាំទ្រ នៅមុខយើង តែពេលដើរផុតមួយម៉ែត្រ ចាប់ផ្តើមដាក់ខ្ទះ កូរស្ករ ឆឹងត្រាវ ទាន់ហន់ និយាយអាក្រក់ពីយើង ស្អុយដូចអូញម៉ូញ។ ហើយមួយផ្នែកទៀត មិនដែលរំលឹក ពីគុណសម្បត្តិយើងទេ តែពូកែលេខមួយ អាខាងចាប់កំហុសយើង ស្តីអោយយើង គំហកដាក់យើង ចាត់ទុកយើងជាសំរាម មិនស្មើនឹងរោមក្លៀកគេផង។ ថ្ងៃនេះខ្ញុំបាន និយាយជាមួយប៉ា ពីផលវិបាកខ្លះ ដែលខ្ញុំបានជួប នៅកន្លែងធ្វើការ។ គាត់បាននិយាយថា “កុំខំពេក បើមិនចូលចិត្តទេ ឈប់ទៅកូន។ គ្រាន់តែកូនឯងម្នាក់ មិនមែនប៉ាចិញ្ចឹមមិនរស់ទេ ហើយបើប៉ាមានលទ្ធភាព ថ្ងៃក្រោយប៉ានឹងបើកកន្លែងរកស៊ី ហើយប៉ានឹងអោយកូនធ្វើថៅកែ..”
ទោះបីខ្ញុំដឹងថាគាត់គ្រាន់តែ និយាយលួងខ្ញុំ តែខ្ញុំហាក់មានកម្លាំងតស៊ូ ខ្លាំងជាងមុន។ រាល់ដង ពេលគេទម្លាក់កំហុសអោយខ្ញុំ ប្រមាថខ្ញុំ ខ្ញុំតែងលាក់ទុកក្នុងចិត្ត មិនតប.ត ហើយព្យាយាម ប្រាប់ខ្លួនឯងថា ធ្វើល្អ-បានល្អ កុំព្យាយាមបង្កើតបញ្ហា ព្រោះយើងធ្វើការដើម្បីប្រាក់ និងបទពិសោធន៏ការងារ។ តែចាប់ពីពេលនេះទៅ ខ្ញុំនឹងផ្លាស់ប្តូរ ទង្វើខ្លួនឯងខ្លះ ! ជំទាលល្មមៗខ្ញុំអាចអត់បាន តែខ្ញុំនឹងហក់ផ្កាប់ចាន នៅពេលណាដែលគេ មួលបង្កាច់ខ្ញុំ និងហ៊ានឆឹងត្រាវ នៅនឹងមុខខ្ញុំ។ នេះមិនមែនជាប្រលោមលោកទេ តែវាជាអ្វី ដែលខ្ញុំ នឹងមិត្តភក្តិជាច្រើនបានជួប។ ខ្ញុំសង្ឃឹមថា នេះអាចជាគំនិតមួយ ដែលអាចអោយប្អូនៗ ជំនាន់ក្រោយ យល់ពីបរិយាកាសខ្លះៗ នៃសង្គមការងារបច្ចុប្បន្ន។
លើលោកនេះគ្មានអ្វីដែលទៀតទាត់ ស្ថិតស្ថេរអមតៈបានទេ ដូចជាជីវិតមនុស្សយើងម្នាក់ៗ តែងផ្លាស់ប្ដូរទៅតាមពេលវេលា ។ កាន់តែធំ អ្នកក៏កាន់តែចេះគិត ពេលអ្នកក្លាយជាមនុស្សធំពេញលេញ អ្នកនឹងកាន់តែកាត់បន្ថយស្នាមញញឹមកាន់តែច្រើន ព្រោះរឿងអនាគត រឿងស្មុគ្រស្មាញជាច្រើន ចាប់ផ្ដើមចូលជីវិតអ្នក ។ កាលនៅក្មេងមិនទាន់ចេះគិតរឿងរកប្រាក់ចំណូល ព្រលឹមឡើងអ្វីដែលអ្នកតែងធ្វើមុនគេគឺលាដៃសុំលុយឪពុកម្ដាយ ដោយមិនខ្វល់ថាគាត់រកលុយនោះបានមកដោយត្រូវឆ្លងកាត់ ជួបរឿងរ៉ាវអ្វីខ្លះឡើយ ។ ទើបដល់ពេលអ្នកចេះរកលុយចាយខ្លួនឯង ទើបអ្នកមើលឃើញថា ពិភពលោកនេះធំធេងប៉ុនណា ប្រកួតប្រជែងពុះពារប៉ុនណា ជួបឧបសគ្គអ្វីខ្លះទម្រាំបានលុយទាំងនោះ ចូលហោប៉ៅរបស់អ្នក ។
ជីវិតក្មេងម្នាក់ដែលធ្លាប់តែរីករាយ មិនដែលចេះគិតខ្វល់អ្វីសោះ ប្រែមកចេះគិតគូរ ដឹងច្បាស់ថា អ្វីទៅដែលហៅថាជីវិត ហើយត្រូវជួបរឿងរ៉ាវអ្វីខ្លះ នៅពេលដែលអ្នកចេះរកលុយនេះឯង ។ អ្នកនឹងយល់កាន់តែច្រើនពីសង្គមមួយ មានមនុស្សច្រើនប្រភេទដែលអ្នកបានជួប អ្នកខ្លះបាននាំមកនូវមេរៀនល្អៗក្នុងជីវិត អ្នកខ្លះទៀតក៏បានបង្ហាញឱ្យអ្នកយល់ថា លើលោកនេះមានមនុស្សខ្លះអ្នកគួរតែជៀសវាង ទើបជីវិតមួយនេះរស់បានស្ងប់សុខ ។
ចេះរកលុយខ្លួនឯង អ្នកនឹងកាន់តែពិបាកដកលុយចំណាយ ព្រោះអ្នកយល់ច្បាស់ថា ទម្រាំបានលុយនោះ អ្នកត្រូវរងសម្ពាធអ្វីខ្លះ? ត្រូវស៊ូទ្រាំអត់ធ្មត់អ្វីខ្លះ? ហើយពេលនោះអ្នកនឹងយល់ថា ហេតុអ្វីពេលសុំលុយពីម៉ាក់ទិញរបស់ប្រេនម្ដងៗតឹងទ្រូងខ្លាំងម្ល៉េះ ។
ចេះរកលុយខ្លួនឯង អ្នកនឹងឃើញផ្លូវដ៏វែងឆ្ងាយ ក្ដីសង្ឃឹម ក្ដីរំពឹង កាន់តែឆ្ងាយសន្លឹម មិនអាចដើរមួយជំហានដល់ ហើយក៏មិនអាចដើរទៅដោយរលូនដោយគ្មានបន្លានោះទេ ។ ជីវិតនេះវាមិនងាយស្រួលមែន តែវាបង្រៀនឱ្យអ្នកស្គាល់អំពីតម្លៃជីវិត ថាហេតុអ្វីមនុស្សម្នាក់ៗខិតខំប្រឹងប្រែងម្ល៉េះ? អ្នកនឹងក្លាយជាមនុស្សរឹងមាំ ចេះថ្លឹងថ្លែង ចេះគិតត្រិះរិះពិចារណា ដឹងខ្ពស់ ដឹងទាប នៅពេលអ្នកចេះរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯងនេះហើយ ៕