ឯកឧត្តម គន់ គីម ចេញអន្តរាគមន៍បន្ទាន់តាមឧទ្ធម្ភាគចក្រ ជន្លៀសប្រជាជន៥០០គ្រួសារ ពីទឹកជំនន់នៅខេត្តរតនគីរី និងមានស្បៀងអាហារនិងសម្ភារៈប្រើប្រាស់២យន្តហោះទៀត ទៅជាមួយដើម្បីចែកជូនពលរដ្ឋ

ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅលើគណនីផ្លូវការរបស់ឯកឧត្ដម ដោយបានប្រាប់ឱ្យដឹងថា៖ តាមបញ្ជារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងតាមបញ្ជារបស់ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសុក្រទី០៩ ខែសីហា នេះ បានចេញដំណើរតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ខេត្តរតនគីរី ដើម្បីជួយជន្លៀសប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលកំពុងទទួលរងនូវទឹកជំនន់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាននាំទៅជាមួយនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់របស់កាកបាទក្រហម ចំនួន២យន្តហោះ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះផងដែរ។

ឯកឧត្តម បញ្ជាក់ថាគ្រោះមហន្តរាយទឹកជំនន់នៅខេត្តរតនគីរីនេះ ត្រូវបានសម្តេចប្រធានកាកបាទក្រហម មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានប្រគល់ភារកិច្ចនេះ ដល់ឯកឧត្តម ធ្វើអន្តរាគមន៍ជាបន្ទាប់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព៕