ក្រសួង​សុខាភិបាល ប្រកាសឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់ និង​​​​​ប្រមូល​ត្រឡប់​​មក​វិញ​នូវឱសថ​ព្យាបាល​​​ជំងឺ​​លើស​ឈាម​​ចំនួន​​៤​ប្រ​ភេទ ​​ក្នុងករណី​មានការប្រើប្រាស់​​​​នៅ​កម្ពុជា ក្រោយ​ពីអ្នក​ជំនាញ​ប្រទេស​​សឹង្ហ​បុរី​ និងថៃ បាន​រក​ឃើញ​ថា​​​ឱសថ​ទាំង​​នោះ​មាន​ផ្ទុក​សារជាតិ​គីមី​ ​ដែលអាចបង្ក​ឲ្យ​មាន​ជំងឺ​មហា​រីក។

ឱសថដែល​​ហាម​ឃាត់​ប្រើប្រាស់​ទាំង​នោះ​រួម​មាន HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet និង​ LANZAAR Tablet។

អនុប្រធាន​ការិយាល័យ​និយ័ត​កម្ម​នៃនាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿង​សំអាងនៃ​ក្រសួង​សុខាភិ​​បាល លោក​ ពិន យស់​សុជីវី បាន​ឲ្យ​ដឹងថា យោង​តាម​ Asean Post-Marketing Alert system ដែលរាយការណ៍​ដោយ Health Sciences Authurity របស់​សាធារណរដ្ឋ​សឹង្ហ​បុរី និង​រាយការណ៍​​ដោយ​ Food and Drung Administration របស់​ប្រទេស​ថៃ កាលពីអំឡុង​ខែ​មីនា បាន​តម្រូវ​ឲ្យ​ប្រមូល​ពីទីផ្សារ​មក​​វិញ នូវ​ឱសថ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាមទាំង​៤​ប្រភេទ​នេះ ដោយសារ​មាន​ផ្ទុក​សារជាតិ​គីមី Nitrosamine Impurity លើសកម្រិតស្តង់ដារ​ដែលច្បាប់​អនុញ្ញាត និង​អាចបង្កឲ្យមាន​ជំងឺមហារីក​។

លោកថា៖ «សម្រាប់​នៅកម្ពុជា​យើង មិន​មាន​ការប្រើប្រាស់​ឱសថទាំង​នេះទេ ប៉ុន្តែ​ដោយសារ​យើងទទួលបាន​ព័ត៌មាន​ពី​ប្រទេស​ក្នុង​​​តំបន់អាស៊ាន​ គឺ​សឹង្ហបុរី​ និងថៃ អីចឹង​​យើង​ក៏ប្រកាសប្រាប់​​ដល់​​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​អស់​ ឲ្យ​ប្រុង​ប្រយ័ត្ន​ជៀសវាង​ការប្រើ​ប្រាស់ឱសថ​ទាំងនោះ»។

បើតាម​សេច​ក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល ឱសថទាំង​​៤​ប្រភេទ​នេះ ពុំមាន​ចុះ​បញ្ជិកា​ ឬការចរាចរណ៍​លក់ដូរ​​​នៅលើ​ទីផ្សារ​​ក្នុងប្រទេស​កម្ពុជា​ឡើយ ប៉ុន្តែ​ក្រសួង​នឹងធ្វើការត្រួត​ពិនិត្យ និងបន្តតាមដាន​លើ​ករណីបន្តទៀត​​​​នេះ។

កន្លងមក ក្រសួង​សុខា​​ភិបាល និង​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ ធ្លាប់​បានប្រកាស​ជាបន្ត​បន្ទាប់ ប្រមូល​ត្រឡប់មក​វិញ​នូវ​ឱសថ​ និង​អាហារ​បំប៉ន​​មួយចំនួន​ដែលមន្ត្រី​ជំនាញ​អន្តរជាតិ​បាន​រក​ឃើញថា​មាន​ផ្ទុក​នូវបាតេរី ឬសារជាតិ​គី​មីហួស​កម្រិត​ស្តង់​ដារ។ ​ជាមួយគ្នា​នោះដែរ​ក្រសួង​ ក៏បាន​អំពាវនាវ​ដល់សាធារណជន​ទាំង​អស់​ ​ក៏​​ត្រូវ​ជៀស​​វាង​​ការប្រើ​ប្រាស់​ឱសថ និង​​គ្រឿងសំអាង​មួយចំនួន​ ដែល​​លក់​តាម​អន​ឡាញដែលគ្មាន​ប្រភពច្បាស់​លាស់​ផង​ដែរ ​ព្រោះឱសថ​ និងផលិត​ផល​ទាំង​នោះ​ពុំបាន​ឆ្លង​កាត់​ការត្រួត​ពិនិត្យ​ពី​គុណ​​ភាព និងពុំ​មាន​ចុះ​បញ្ជិកា​ ​ដែល​​អាច​នាំ​ឲ្យមាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាពអ្នកប្រើ​ប្រាស់។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការត្រួតពិនិត្យ និងតាមដានជាបន្តទៀតចំពោះបញ្ហានេះ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានជួប ឬប្រទះឃើញឱសថទាំងអស់ខាងលើនេះ មានចរាចរណ៍លក់នៅ ក្នុងប្រទេសកម្ពុជា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕