កងទ័ពកម្ពុជា និងឡាវ កំពុងចរចាគ្នាពីបញ្ហាព្រំដែន​នៅចំនុចទន្លេរពៅ​ក្នុងតំបន់មុំបីនៃ ស្រុកឆែប ខេត្តព្រះវិហារ។ ​នេះបើតាមការបញ្ជាក់​របស់អ្នកនាំ​ពាក្យកងទ័ពជើងគោកលោក ម៉ៅ ផល្លា ដែលថ្លែងប្រាប់វីអូឌីនៅព្រឹកនេះ។

អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លាមានប្រសាសន៍ថា កងទ័ពឡាវ​បាន​លើកគ្នាចូលមកកាន់​កាប់​ទឹកដីខ្មែរក្នុងចំនុចទន្លេរពៅ​នេះ តាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ ដោយឡាវ​សំអាង​ថា​នេះ​ជាទឹកដីរបស់គេ។ លោកបន្តថា កម្ពុជាមានជំហរដាច់ខាត​មិន​អនុញ្ញាតឱ្យទ័ពឡាវធ្វើបែបនេះ។

លោក ម៉ៅ ផល្លា៖ មកដល់ពេលនេះយើងនៅរក្សាលំនឹង មកដល់ពេលនេះយក​ទាមទារឱ្យដក(ទ័ព)និងដកពាក្យ ដែលថាប្រជាជនកម្ពុជា​ឈ្លានពានទឹកដី។​វាយកផែនទីជាឯកតោភាគីមកសំអាង ដូចកាលថៃយកមក​អ៊ីចឹង។​មកដល់​ពេល​នេះ គាត់(លោកហ៊ុន ម៉ាណែត)បានត្រលប់ពី​ចរចារវិញហើយមេមេជួបគ្នាអស់​ហើយ​។ យើងព្យាយាមបញ្ចៀសការប៉ះទង្គិចទាំងសងខាង តែយើងរង់ចាំមើល​សភាពការណ៍​ជាក់ស្ដែងបន្តទៀត។

លោកម៉ៅ ផល្លា បញ្ជាក់ថាតំបន់ដែលជម្លោះនោះ​មិនមានប្រជាពលរដ្ឋ​រស់នៅ​នោះឡើយ ដោយមានតែទាហានឈរជើងប៉ុណ្ណោះ៕

វីអូឌី សូមសម្រួលពាក្យពី«ប្រឈម» មកកងទ័ពទាំងពីរកំពុង«ចរចា»វិញ បន្ទាប់ពីលោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បញ្ជាក់បន្ថែមនៅម៉ោង២ និង ១៣នាទីរសៀលនេះថា ស្ថានភាពធម្មតាអាចគ្រប់គ្រងបាន ពុំមែន​ជាការប្រឈមមុខដាក់គ្នា​នោះទេ។