អាការៈក្ដៅខ្លួន អាចជាជំងឺសាមញ្ញ និងជាសះស្បើយដោយខ្លួនឯង ឬតាមរយៈការអនុវត្តវិធីសាស្រ្តនានានៅផ្ទះបានដោយមិនចាំបាច់ទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត លើកលែងតែករណីធ្ងន់ធ្ងរមួយចំនួន។ ស្របពេល ដែលការព្យាបាលអាចធ្វើបានដោយខ្លួនឯង អាណាព្យាបាលទាំងអស់ក៏គួរតែចៀសវាងនូវទម្លាប់ដែលខុសខ្លះៗអំឡុងពេលកូនតូចមានជំងឺបង្កឲ្យរាងកាយឡើងកម្ដៅផងដែរ។

1 ហាមប្រើប្រាស់ថ្នាំភ្លាមៗ

អាការៈក្ដៅក្នុងកម្រិតត្រឹម ៣៧.៦ ទៅ៣៧.៩ អង្សាមិនមែនជារឿងអាក្រក់ទេ ពីព្រោះក្នុងលក្ខខណ្ឌនេះខ្លួនប្រាណរបស់កុមារកំពុងធ្វើការប្រឆាំងទៅនឹងការឆ្លងរោគ។ ការសិក្សាបានបង្ហាញបន្ថែមថា ប្រសិនអ្នកចាប់ផ្ដើមប្រើប្រាស់ថ្នាំបញ្ចុះកម្តៅលឿនពេកនោះអាចឲ្យដំណើរការជាសះស្បើយដោយខ្លួនឯងត្រូវប្រើរយៈពេលយូរ។ ក្នុងដំណាក់កាលនេះ អ្នកអាចបន្តតាមដានដោយវាស់កម្ដៅឲ្យបានញឹកញាប់ សង្កេតមើលចលនានិងដាក់កុមារឲ្យនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ យ៉ាងណាមិញ ប្រសិនកម្ដៅនៅតែបន្តកើនឡើង អ្នកអាចផ្ដល់ឱសថដំបូងជាពពួក ប៉ារ៉ាសេតាម៉ុលជាមុនសិន។

2 ហាមដណ្តប់ភួយ

នៅពេលរាងកាយកុមារកំពុងឡើងកម្ដៅ អាណាព្យាបាលគួរចៀសវាងប្រើភួយដើម្បីដណ្តប់ ឬបិទទ្វារឲ្យជិត តែអ្នកត្រូវបើកទ្វារ និងកង្ហារដើម្បីជួយផ្ដល់នូវចរន្ដខ្យល់ស្អាតចេញចូលនៅក្នុងផ្ទះ។ វិធីសាស្រ្តបែបនេះអាចនឹងធ្វើឲ្យក្មេងមានអារម្មណ៍ថាត្រជាក់ខ្លួន ប៉ុន្ដែស្របពេលជាមួយគ្នា កម្ដៅរាងកាយក៏កំពុងតែមានភាពប្រសើរឡើងមកវិញផងដែរ។ ដោយឡែកបើយោងតាមការសិក្សាមួយបានបញ្ជាក់ថាការដណ្តប់ភួយពេលកុមារគ្រុនក្តៅអាចធ្វើឲ្យកូនរបស់អ្នកឡើងកម្តៅក្នុងខ្លួនទៅវិញ។

3 ហាមងូតទឹកត្រជាក់

ទឹកត្រជាក់មិនមែនជាវិធីសាស្រ្តក្នុងការបំបាត់កម្ដៅនោះទេតែវាបែរជាបង្កឲ្យក្មេងឡើងកម្ដៅកាន់តែខ្លាំងនិងប៉ះពាល់ដល់ផ្លូវដង្ហើមទៀតផងជាពិសេសក្មេងដែលក្តៅខ្លួនដោយសារការបង្ករោគនៅតាមផ្លូវដង្ហើមដូចជាជំងឺរលាកសួត និងរលាកបំពង់ក។ ចៀសវាងឲ្យកុមារងូតទឹកត្រជាក់ប៉ុន្តែអ្នកត្រូវប្រាកដថាកូនរបស់អ្នកមានភាពស្ងួតនៅតំបន់ក្លៀក និងក្រលៀនព្រមទាំង ពិនិត្យសីតុណ្ហភាពរាងកាយរៀងរាល់ ៣ ទៅ៤ម៉ោងម្តង ឬទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកកុមារ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញា ញុំាមិនបាន អស់កម្លាំង ងងុយគេង ពិបាកដកដង្ហើម ក្អួត និងមានកន្ទួលរមាស់ជាដើម។

4 ប្រើ​កន្សែង​សើម

អ្នក​អាច​ត្រាំ​កន្សែង​នៅក្នុង​ទឹក​ឲ្យ​ជោគ រួច​ពូត​ចេញ ហើយ​យកមក​ជូត​លើ​រាងកាយ​របស់​កុមារ។ ស្រប​ពេលនេះ អ្នក​ក៏ត្រូវ​ប្រើស​កន្សែង​ជ្រលក់​ទឹក​មួយទៀត មក​បំពោត​ពីលើ​ថ្ងាស និង​ទុក​ប្រហែលជា ៤ទៅ៥នាទី ដើម្បី​ឲ្យ​ជាតិ​ទឹក​ស្រូបយក​កម្តៅ​ចេញ។

5 ផ្តល់​ទឹក​ឲ្យ​កុមារ​ឲ្យ​បាន​គ្រប់គ្រាន់

ការផ្តល់​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដល់​កុមារ​បាន​គ្រប់គ្រាន់ ក៏​ជា​វិធីសាស្ត្រ​មួយ​ក្នុងការ​កាត់បន្ថយ​កម្តៅ​ក្នុង​រាងកាយ​ផងដែរ។ អ្នក​អាច​ឲ្យ​ពួកគេ​ញ៉ាំ​ទឹកដោះគោ ឬ​ទឹក​ត្រជាក់​ធម្មតា ទើប​អាចជួយ​ផ្តល់​សំណើម និង​ធ្វើ​ឲ្យ​រាងកាយ​មាន​ភាព​ត្រជាក់​មកវិញ។

6 ការប្រើប្រាស់​កង្ហារ

ខ្យល់​របស់​កង្ហារ​ក៏​អាចជួយ​ឲ្យ​រាងកាយរ​ប់​កុមារ មាន​ភាព​ត្រជាក់​មកវិញ​ដែរ ប៉ុន្តែ​កុំ​ដាក់​កូន​នៅ​នឹង​មុខ​កង្ហារ​រយៈពេល​យូរពេក ព្រោះ​ពួកគេ​អាច​ប្រែជា​រងារ​ខ្លាំង។ យក​ល្អ អ្នក​គួរ​បើក​កង្ហារ តិចៗ ហើយ​ឲ្យ​វា​វិល​ទៅមក។

7 កុំ​ពរ​កូន​ដើរលេង

ខណៈ​នេះ អ្នក​មិនត្រូវ​នាំ​កូន​ចេញ​ក្រៅ​ផ្ទះ​នោះទេ ដោយសារតែ​វា​អាច​បង្កើន​សីតុណ្ហភាព​រាងកាយ​កាន់តែខ្លាំង។ ដូច្នេះ អ្នក​ត្រូវ​រក្សា​ពួកគេ​ឲ្យ​នៅក្នុង​ផ្ទះ គឺជា​រឿង​ដ៏​ល្អប្រសើរ​បំផុត។