កាលពីពេលថ្មីៗនេះមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងហ្វេសប៊ុកទៅលើវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាពមន្ត្រីនគរបាលធ្វើការសម្រួលចរាចរណ៍អោយឡានក្បួនថ្នាក់ដឹងនាំ ដែលបើកចេញពីព្រលានយន្តហោះពោធ៌ចិនតុង។
ក្នុងឃ្លីបវីដេអូនោះគេបានលឺសម្លេងមន្ត្រីប៉ូលីស និយាយឆ្លងឆ្លើយគ្នាតាមវិទ្យុប្រាប់ឱ្យឃាត់ឡានពេទ្យសង្គ្រោះបន្ទាន់ដែលកំពុងបើកស៊ឺរ៉ែនទុកសិន ដោយរង់ចាំអោយឡានក្បួនថ្នាក់ដឹកនាំដែលមានចំនួនឡានបើកបន្តកន្ទុយគ្នាយឺតៗ ប្រហែលដល់ទៅ ១០គ្រឿងឯណោះ។
រឿងដូចនេះហើយបានជាធ្វើឱ្យមហាជនមានការខឹងសម្យារយ៉ាងខ្លាំងទៅលើសកម្មភាពរបស់មន្ត្រីនគរបាលដែលឃាត់ឡានពេទ្យសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺទៅព្យាបាល ព្រោះមួយនាទីៗពិតជាមានតម្លៃណាស់សម្រាប់អ្នកជំងឺ។
វីដេអូនេះត្រូវបានបង្ហោះឡើងដោយគណនីហ្វេសប៊ុកដែលមានឈ្មោះថា “Cambodia Traffic TV” អមជាមួយខ្លឹមសារមួយឃ្លាដូចខាងក្រោម៖
“អ្នកទាំងអស់គ្នាមានលឺដូចខ្ញុំទេ !!
ប៉ូលីសចរាចរណ៍ ៖ (ឃាត់ឡានពេទ្យនុងសិន)
ប៉េអឹម ៖ ( មកម៉េចកើត ប៉ែនៗស្អី ) (ហា…បោយដៃអី ឃាត់សិនទៅអត់ទេ)
អ្នកបើកឡានពេទ្យបោយដៃធ្វើសញ្ញាសុំទៅបន្ទាន់ បើតាម PM គាត់និយាយ នៅតែមិនអោយគ្នាទៅទៀត បើមិនធ្ងន់ធ្ងរគាត់មិនសុំទៅមុនទេ ហើយអោយឡានពេទ្យបិតសឺរ៉ែនទៀត
ចុះបើអ្នកជំងឺដាច់ខ្យល់ដោយសារចាំក្បួនទៅអស់ តើនរណាជាអ្នកខុស!!”
ក្នុងមាត្រា ២២ ស្តីពីការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ៖
ចំណុចទី ៧៖ដោយែឡកអ្នកបើកបរត្រូវតែទុកឲ្យយានជំនិះបម្រើការរបស់នគរបាល យោធា អាវុធហត្ថ យានពន្លត់អគ្គិភ័យ ឬយានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ចដោយឲ្យសញ្ញាសូរស័ព្ទ និងសញ្ញាភ្លើងពិសេសឲ្យដឹងពីការមកដល់របស់ខ្លួនទៅមុន។
ចំណុចទី ៨៖ យានជំនិះដែលកំពុងបំពេញភារកិច្ចដូចខាងក្រោម មានសិទ្ធិអាទិភាពតាមលំដាប់ដូចតទៅ:
-យានពន្លត់អគ្គិភ័យ
-យានសង្គ្រោះរបស់មន្ទីរពេទ្យ
-យាននគរបាល យោធា អាវុធហត្ថ ឬក្បួនយានដែលមាននគរបាលចរាចរណ៍នាំមុខ
សូមទស្សនាវីដេអូខាងក្រោម៖
សូមអានខំមិនដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានសរសេរបញ្ចេញមត្តិជុំវិញបញ្ហានេះ