លោកស្រី នុត ស៊ីណា  និងប្តី  យន់ សំណាង  ជាកសិករដាំឪឡឹកនៅភូមិ​ស្រះកែវ  ឃុំមេលំ ស្រុកបរិបូណ៌  នៅល្ងាចថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៩ នេះបាននិយាយអោយដឹងថា ការដាំដុះឪឡឹកនៅក្នុងឆ្នាំនេះត្រូវខាតបង់  ដោយសារតែធាតុអាកាសគ្មានភ្លៀងកក់ខែ ផ្លែឪឡឹកតូចៗ និងបេះតែមួយអស់ទៅហើយ  ចំណែកតម្លៃផ្លែឪឡឹកលក់បោះម៉ូយនៅទីផ្សារទៀតសោធន៍ ក៏ធ្លាក់ចុះព្រោះតែឪឡឹកសំបូរច្រើនចូលមកពីខេត្តនានា ។

លោកស្រី នុត ស៊ីណា បានបន្តថា  ចំពោះគ្រួសារលោកស្រី ការប្រកបមុខរបរដាំចំការឪឡឹកនេះគឺបានជួលដីគេជាង១ហិកតាដាំដុះដែលក្នុង១រដូវថ្លៃក្នុង១ហិកតា ៣៥ម៉ឺនរៀល ។ ចំណែកពូជគ្រាប់ឪឡឹកកំប៉ុង ១កំប៉ុងថ្លៃ ១៣ម៉ឺនរៀល  និងក្នុង១ហិកតាត្រូវដាំអស់គ្រាប់ ៦កំប៉ុង  អស់លុយ ៧៨ម៉ឺនរៀល  និងត្រូវទិញជីធម្មជាតិមកដាក់ទៀតអស់ប្រមាណ៤០ម៉ឺនរៀល ក្នុង១ហិកតា គិតទៅក្នុង១ហិកតាត្រូវចំណាយដើមអស់ប្រមាណ ១៥០ម៉ឺនរៀល និងត្រូដាំដុះរយះពេល២ខែកន្លះទៀបទទួលផល ។

ដោយឡែកនៅក្នុងឆ្នាំនេះ ដោយសារតែមេឃគ្មានភ្លៀងកក់ខែ ផ្លែឪឡឹកមិនសូវធំៗនោះទេ និងប្រមូលផលបានតែម្តងប៉ុណ្ណោះ  គឺក្នុង១ហិកតាក្នុងឆ្នាំនេះបេះផ្លែឪឡឹកបានតែពីទៅ៥ទៅ៦គោយន្ត តែប៉ុណ្ណោះ  ដែលក្នុង១គោយន្តៗមានផ្លែឪឡឹកប្រមាណ ៦០០ផ្លែ ។ ហើយពេលដឹកយកទៅលក់បោះអោយម៉ូយនៅក្នុងផ្សារពន្លៃ និងផ្សារពង្រ ក្នុង១គោយន្តបានតែ៤០ម៉ឺនរៀល និងពេលខ្លះបើផ្លែឪឡឹករៀងតូច គឺលក់បានតែ៣៥ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១គោយន្ត គឺឪឡឹក១ផ្លែ ថ្លៃតែ៥០០ ទៅ៦០០រៀលតែប៉ុណ្ណោះ  ចំណែកតម្លៃគេលក់រាយនៅក្នុងទីផ្សារវិញគឺថ្លៃ១០០០ ទៅ១៥០០រៀល ឯណោះ។ ផ្ទុយពីឆ្នាំមុនៗ ធាតុអាកា សល្អមានភ្លៀងកក់ខែ  ឪឡឹកក្នុង១ហិកតាបេះបាន២ទៅ៣ដង គឺបេះប្រមាណពី១០ទៅ១២គោយន្ត  និងយកទៅលក់បោះម៉ូយក្នុង១គោយន្ត  បានថ្លៃពី៥០ម៉ឺនទៅ៥៥ម៉ឺនរៀល ។ ដោយក្នុង១ហិកតាអាចចំណេញបានពី៣ទៅ៤លានរៀល  តែឆ្នាំនេះអត់ចំណេញទេ គឺខាតបង់កម្លាំងពលកម្មទទេតែម្តង ។

កសិករទាំង២នាក់ប្តីប្រពន្ធខាងលើបានបញ្ជាក់ អោយដឹងទៀតថា   ទោះបីឆ្នាំនេះខាតបង់ក៏ដោយ  ក៏ឆ្នាំក្រោយគាត់នឹងតស៊ូដាំឪឡឹកនេះបន្តទៀត  ព្រោះក្រៅពីមុខរបរធ្វើស្រែគឺពួកគាត់មានតែដាំចំការឪឡឹកនេះហើយ ទើបអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបាន។ គាត់គិតថា មុខរបរដាំឪឡឹកនេះបើមានភ្លៀងកក់ខែ ឬមានប្រភពទឹកអាចបូមមកស្រោចស្រពចំការឪឡឹកនេះបាន   គឺការប្រមូលផលពិតជាបានច្រើន  ដែលអាចដោះស្រាយជីវភាពបានធូរធាមួយកំរិតផងដែរ ៕

ប្រភព៖ កម្ពុជាថ្មី