រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែ​មករា​ថា​វៀតណាម​នឹង​បញ្ឈប់​ការចេញ​ទិដ្ឋាការ​សម្រាប់​ក្រុម​អ្នកទេសចរ​ចិន​បន្ទាប់ពី​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​រកឃើញ​ករណី​ឆ្លង​វីរុស​នៃ​ជំងឺ​ផ្លូវដង្ហើម​នេះ​ចំនួន​៣​ករណី​។​

​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ ​​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​វៀតណាម​និង​ចិន ត្រូវ​បាន​បិទ​នៅពេលនេះ ។​សេចក្តី​ថ្លែង​​ការណ៍​នេះ បាន​និយាយថា “​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ កំពុង​រាលដាល​យ៉ាង​ឆាប់រហ័ស និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​” ។​

​ភ្ញៀវទេសចរ​ចិន​គឺ​មាន​ចំនួន​១​ភាគ​៣​នៃ​ចំនួន​ភ្ញៀវទេសចរ​ដែល​មក​លេង​ប្រទេស​វៀតណាម​កាលពី​ឆ្នាំទៅ​។ នេះ​បើ​យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​វៀតណាម​។​

​កាលពី​សប្តាហ៍​មុន​ក្រសួង​សុខាភិបាល​វៀតណាម​បាន​និយាយ​ថា​ពលរដ្ឋ​ចិន​២​នាក់​នៅ​ប្រទេស​វៀតណាម​បាន​ធ្វើតេស្តិ៍​រកឃើញ​វីរុស​នេះ ហើយ​ម្នាក់​ទៀត​បាន​​ជាសះស្បើយ​ឡើងវិញ​ពី​ការឆ្លង​វីរុស​នេះ​។​

​ប្រទេស​ជាច្រើន​បានចាប់ផ្តើម​ដាក់​ពលរដ្ឋ​របស់​ពួក​គេ​រាប់​រយ​នាក់​នៅ​ក្រោម​ការព្យាបាល​ដោយ​ឡែក​ពី​គ្នា​បន្ទាប់ពី​ត្រូវ​បាន​ជម្លៀស​ចេញពី​ទីក្រុង​វូ​ហាន ប្រ​​ទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ ដោយ​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​៣១​ខែ​មករា​នេះ វីរុស​នេះ​បាន​សម្លា ប់​មនុស្ស​ចំនួន​២១៣​នាក់​នៅ​ប្រទេស​ចិន​ហើយ​មនុស្ស​ជិត​១០.០០០​នាក់​បាន​ឆ្លង​វីរុស​នេះ​៕

ប្រភព៖ រស្មីកម្ពុជា