មនុស្សចំនួន ៤៣នាក់ទៀតហើយបានស្លា ប់ដោយសារវីរុសកូរ៉ូណាថ្មី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឲ្យចំនួន​អ្នក​ស្លា ប់ដោយសារវីរុស​នេះ​ឡើងដល់ ២១៣នាក់។ នេះបើយោងតាមតួលេខដែលចេញដោយគណៈកម្មាធិការសុខាភិបាលជាតិចិនគិតត្រឹមព្រឹកថ្ងៃទី ៣១ ខែមករា។

ក្នុងនោះករណីស្លា ប់ ៤២នាក់បានកើតឡើងនៅខេត្តហ៊ូប៉ី ជាពិសេសនៅទីក្រុងអ៊ូហានដែលជាចំណុចចាប់ផ្ដើមនៃការផ្ទុះឡើង។ ចំនួនអ្នកឆ្លងសរុបឡើងដល់ ៩៦៩២ នាក់នៅជុំវិញពិភពលោក បានធ្វើឲ្យចំនួនករណីឆ្លងវីរុសអ៊ូហានបានកើនលើសការឆ្លងរាលដាលនៃជំងឺ SARS ក្នុងឆ្នាំ ២០០២-២០០៣។ ផ្អែកតាមសារព័ត៌មាន People’s Daily China ក្នុងនោះមាន​អ្នកជំងឺ ១៧១នាក់បានចេញពីមន្ទីរពេទ្យក្រោយមានអាការធូរ​ស្បើយ​ធម្មតាវិញ។

ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសអាសន្នសុខភាពជាសាកលផងដែរ ខណៈដែលវីរុសនេះបានឆ្លងដល់ប្រទេសជាច្រើនទៀតក្រៅពីចិន ដោយប្រទេសអ៊ីតាលី ឥណ្ឌា និងហ្វីលីពីនបានបញ្ជាក់ពីករណីដំបូងនៃវីរុសនេះចុងក្រោយគេ។

ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា “មូលហេតុចំបងនៃការប្រកាសនេះមិនមែនផ្ដោតសំខាន់លើអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិនទេ ប៉ុន្តែគឺបូករួមទាំងករណីកំពុងកើតឡើងនៅក្នុងប្រទេសដទៃទៀត” ។ អ្វីដែលគួរឲ្យព្រួយបារម្ភគឺថាវាអាចរាលដាលដល់ប្រទេសមួយចំនួនដែលមានប្រព័ន្ធសុខាភិបាលខ្សោយនៅឡើយ។”

ចំនួនអ្នកឆ្លងប្រមាណ ១០០ ករណីត្រូវបានបញ្ជាក់នៅក្នុងប្រទេសចំនួន ១៨ ជុំវិញពិភពលោកហើយការឆ្លងពីមនុស្សទៅមនុស្សចំនួន ៨ ករណីត្រូវបានគេរាយការណ៍នៅក្នុងប្រទេសអាល្លឺម៉ង់ ជប៉ុន វៀតណាម និងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស អាល្លឺម៉ង់ (Lufthansa) អ៊ីស្រាអែល (El Al) អ៊ីតាលី (Alitalia) ស្វ៊ីស និងអូទ្រីសអ៊ែរឡាញ គឺស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗមួយចំនួនដែលបានលុបចោលជើងហោះហើរទាំងទៅនិងមកពីប្រទេសចិន ៕

ប្រភព៖​ កម្ពុជាថ្មី