ខណៈដែលប្រទេសកម្ពុជាយើង រកឃើញករណីវីរុស Covid-19 លើបុរសជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំនៅខេត្តសៀមរាប ដែលបានឆ្លងពីបុរសជប៉ុន បានធ្វើឱ្យប្រជាជនក្នុងប្រទេសចាប់ផ្ដើមមានការការពារកាន់តែខ្លាំងចំពោះសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ។

ស្ថិតក្នុងស្ថានការបែបនេះ បែរជាមានឈ្មួញឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃទំនិញ ជាពិសេសគឺម៉ាស់ និង ទឹកលាងដៃ ដោយតំឡើងថ្លៃខ្ពស់ជាងមុនខ្លាំងផងដែរ។ កត្តានេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធំ មានការរអ៊ូរទាំជាខ្លាំង ព្រោះមិនអាចមានលទ្ធភាពទិញយកមកប្រើប្រាស់។ ថ្មីៗនេះ នៅលើគណនីហ្វេសប៊ុករបស់ លោកវិជ្ជបណ្ឌិតមួយរូប ដែលមានឈ្មោះលើហ្វេសប៊ុក វេជ្ជ.ហ៊ាង រតនា បានបង្ហោះសារជូនប្រជាជនឱ្យបានដឹង ពីប្រសិទ្ធិភាពនៃការប្រើប្រាស់ទឹកអាល់កុលសម្រាប់លាងសម្អាតដៃ។

លោកបានបង្ហោះសារដែលមានខ្លឹមសារថា៖ «ដើម្បីកាត់បន្ថយការចំណាយលើទឹកលាងដៃ ព្រោះទឹកលាងដៃឡើងថ្លៃគុណនឹង ២ នឹង ៣ដង ហើយមានតម្លៃថ្លៃខ្លាំងទៀត ចឹងបងប្អូនអាចធ្វើដូចនេះបាន ។ ទិញអាល់កុលដបបែបនេះ រួចដាក់ក្នុងដបចុចដូចខាងក្រោមជាការស្រេច អាចលាងដៃសំលាប់មេរោគបានដូចគ្នា ។ អោយតែល្បីអីមួយការពារមេរោគបានរបស់នោះនឹងឡើងថ្លៃខ្លាំងភ្លាមៗ សង្ឃឹមប្រភេទអាល់កុលដបនេះមិនឡើងថ្លៃទៀតចុះ (កាលខ្ញុំទិញចំណុះ១លីត្រនេះ តម្លៃចន្លោះ ៤ ទៅ ៦ពាន់រៀលទេ ដែលទឹកលាងដៃបច្ចុប្បន្នចំណុះតែកន្លះលីត្រតម្លៃចន្លោះ 7$ ទៅជាង 10$ ឯណោះ ឃើញថាខុសគ្នាច្រើនណាស់ ស្របពេលដែលប្រសិទ្ធភាពវាដូចគ្នា) ។ ឬក៏បងប្អូនចង់ចំណេញ បងប្អូនអាចលាយ អាល់កុលប្រភេទ 97% ដដែលនេះ អាល់កុល 700ml លាយជាមួយទឹកសធម្មតា 250ml វាកាន់តែមានប្រសិទ្ធភាពល្អ និងសន្សំសំចៃ»៕

ប្រភព៖ ប្រជាប្រិយ