ច្បាប់ចរាចរណ៍ថ្មី នឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី ១ ខែឧសភា នេះហើយ ដោយឡែកចំពោះបងប្អូនដែលមិនទាន់មានបណ្ណបើកបរ នឹងមានបំណងចង់ធ្វើបណ្ណបើកបរ ប៉ុន្ដែមិនដឹងធ្វើនៅកន្លែងណា និង មិនដឹងថាត្រូវការឯកសារអ្វីខ្លះ? សូមកុំបារម្ភ ខាងក្រោមនេះ យើងនឹងលម្អិតពីទីកន្លែង ម៉ោងធ្វើការ និង តម្រូវឱ្យមានឯកសារអ្វីខ្លះ ។

បើយោងតាមក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០ មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង អ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់ និងនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច ។

សម្រាប់ឯកសារសម្រាប់ធ្វើបណ្ណបើកបរ តម្រូវឱ្យមានដូចជា៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់)

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក (ថតនៅទីតាំងផ្ទាល់)

៤. វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរយានយន្ត (ចំពោះបណ្ណបើកបរប្រភេទ “គ” “ឃ” និង “ង”)

៥. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ) ៕

ប្រភពទាំងស្រុង៖ ប្រជាប្រិយ