តាមប្រសាសន៍របស់ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារចរាចរណ៍ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៨ មេសា ២០២០ នេះបានឱ្យដឹងថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋពេលបើកបរត្រូវមានឯកសារច្បាប់ដើមជាបើតាមខ្លួនដូចជា បណ្ណបើកបរ បណ្ណសម្គាល់យានយន្តជាដើម ។
ដោយឡែកចំពោះអ្នកដែលទិញយានយន្តបង់រំលស់ ហើយត្រូវបានត្រូវបានធនគារកាន់កាប់បណ្ណបើកបរ ឬកាតគ្រី ត្រូវធ្វើដូចម្ដេចទៅ? ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឧត្តមសេនីយ៍ទោ ចេវ ហាក់ បានបញ្ជាក់ថា ប្រសិនបើទិញយានយន្តបង់រំលស់ត្រូវមានលិខិតបទដ្ឋានអ្វីផ្សេងដែលមានតម្លៃស្មើដាក់ជំនួសវិញក្នុងការបង់រំលស់ ព្រោះអ្នកបញ្ជាយានយន្តទាំងអស់ដាច់ខាតត្រូវមានកាតគ្រីតាមខ្លួនជានិច្ច បើមិនដូចនេះទេនឹងរងការផាកពិន័យហើយ ។
ស្នងការរងទទួលផែនការងារចរាចរណ៍បានបញ្ជាក់ទៅកាន់ម្ចាស់អាជីវកម្មទាំងអស់ ដែលទទួលលក់យានយន្តបង់រំលស់ ត្រូវតម្រូវឱ្យអ្នកទិញរកឯកសារផ្សេងដែលមានតម្លៃស្មើដាក់ជំនួស ដោយម្ចាស់យានយន្តទាំងអស់ត្រូវតែមានកាតគ្រី ឬបណ្ណបើកបរច្បាប់ដើមតាមខ្លួនជានិច្ច ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ឧសភា ២០២០ នេះតទៅកម្ពុជានឹងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ការផាកពិន័យលើបទល្មើសចរាចរណ៍គឺនឹងត្រូវគុណមួយទ្វេរជាបី ដើម្បីធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ៕
ប្រភពទាំងស្រុង៖ ប្រជាប្រិយ