ទើបតែចាប់ផ្តើមចិញ្ចឹមជន្លេនមិនទាន់បាន ១ ឆ្នាំផង ទីតាំងចិញ្ចឹមជន្លេនមួយកន្លែងឈ្មោះ «ផ្ទះជន្លេនក្រហម» ដែលស្ថិតនៅភូមិថ្មី (ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ អាចបញ្ចេញលក់នូវដីអាចម៍ជន្លេនក្នុង ១ ខែពី ២ ទៅ ៣ តោន បើគិតជាចំណូលរាប់ពាន់ដុល្លារ ។

កញ្ញា សុង ប៊ុនទៀង អាយុ ២៥ ឆ្នាំ ដែលប្រកបរបរចិញ្ចឹមជន្លេនមួយកន្លែងឈ្មោះ «ផ្ទះជន្លេនក្រហម» បានរៀបរាប់ឱ្យដឹងថា ៖ «របរចិញ្ចឹមជន្លេន គឺជាការងារមួយងាយស្រួល មិនមានការចំណាយកម្លាំង និង ពេលវេលាច្រើនក្នុងការចិញ្ចឹមទេ

ហើយក្រោយពីការចិញ្ចឹមយើងអាចទាញប្រយោជន៍ពីវាបានច្រើនពោលគឺអាចធ្វើការលក់ដូរ ដោយក្នុងមួយគីឡូក្រាមពូជជន្លេនក្រហមថ្លឹងរួមទាំងលាមកគោមានតម្លៃ ១០០០០ រៀល ទៅ ១២០០០ រៀល និង ពូជជន្លេនអាហ្វ្រិករែងយកតែជន្លេនសុទ្ធមានតម្លៃ ៦០០០០ រៀល ក្នុង ១ គីឡូក្រាម ។

បច្ចុប្បន្ន «ផ្ទះជន្លេនក្រហម» កំពុងជំរុញខ្លាំងលើការលក់ដីអាចម៍ជន្លេនឱ្យប្រជាកសិករដែលទិញយកទៅធ្វើជីដាក់ដាំផ្កា ឬ ដំណាំផ្សេងៗក្នុង ១ ខែប្រមាណជា ៣ តោន ដែលក្នុងការលក់ ១ បាវទម្ងន់ ២០ គីឡូក្រាមតម្លៃ ១០ ដុល្លារ ។

លើការផ្គត់ផ្គង់ពូជសម្រាប់យកទៅចិញ្ចឹមបន្តនៅមិនទាន់បានទេ ព្រោះកំពុងជំរុញបំបែកពូជផលិតពូជឱ្យកាន់តែច្រើនសិន ដូច្នេះទៅថ្ងៃមុខក៏អាចមានការលក់ទាំងពូជជន្លេន និង ដីអាចម៍ជន្លេនផងដែរ ។

ជាគម្រោងទៅមុខ «ផ្ទះជន្លេនក្រហម» នឹងពង្រីកទីតាំងចិញ្ចឹមជន្លេនថ្មីមួយកន្លែងថែមទៀតនៅឯខេត្តតាកែវ លើផ្ទៃដីកន្លះហិកតាដោយបង្កើនការលក់ដីអាចម៍ជន្លេនឱ្យបាន ១០ តោន ក្នុង១ ខែ និង អាចផ្គត់ផ្គង់ពូជជន្លេនដល់ប្រជាកសិករដែលចង់ទិញយកទៅចិញ្ចឹមផងដែរ ។ ជន្លេនចិញ្ចឹមតែ ១ ខែអាចលក់បានហើយ តែបើចិញ្ចឹមចង់ទុកវាបន្តពូជគឺចាប់ពីរយៈ ២ ខែឡើងទៅ ៕

ប្រភព៖ ប្រជាប្រិយ