ថ្លែងនៅព្រឹកថ្ងៃទី​ ២២ ខែមករា ឆ្នាំ ២០២១នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជារំពឹងនឹងចាក់វ៉ាក់វាំងកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋឱ្យបាន ៥០ ម៉ឺននាក់មុនពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធអគារទីស្ដីការថ្មី នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសម្ដេចបានបញ្ជាក់ទៀតថា បើតាមអ្វីដែលសម្ដេចចង់បាន គឺការគ្រោងចាក់វ៉ាក់សាំងឱ្យបាន ៥០ ម៉ឺននាក់ មុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់

ព្រោះនៅពេលខាងមុខនេះ វ៉ាក់សាំង ៣០ ម៉ឺនដូស នឹងមកដល់សម្រាប់មនុស្ស ១៥ ម៉ឺននាក់ ប៉ុន្តែមិត្តចិនកំពុងជំរុញឱ្យបាន ៦០ ម៉ឺនដូស ក្នុងខែកុម្ភះនេះ ។ ដូច្នេះបើបាន ៦០ ម៉ឺនដូសមែន នឹងចាក់បាន ៣០ម៉ឺននាក់ សល់ ៤០ ម៉ឺនដូសទៀត នឹងចាក់ ២០ ម៉ឺននាក់ ដូច្នេះមុនចូលឆ្នាំខ្មែរនឹងចាក់បានចំនួន ៥០ ម៉ឺននាក់ ។

សម្ដេចបានបញ្ជាក់ថា សម្ដេចនឹងទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះពោធិ៍ចិនតុង ហើយ ម្ជុលទី១ ដបដូសទី១ គឺនឹងចាក់លើខ្លួនសម្ដេច ដែលថ្ងៃនោះ សម្ដេចអញ្ជើញទាំងសម្ដេចពិជ័យ ទៀ បាញ់ ឯកឧត្តម ជា សុផារ៉ា និងឯកឧត្តមលោកជំទាវទាំងអស់ ទៅចាក់ជាមួយសម្ដេចនៅឯមន្ទីរពេទ្យកាល់ម៉ែត ហើយធ្វើសន្និសីទសារព័ត៌មានចេញពីទីនោះតែម្ដង ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាឱ្យឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើជំរឿនប្រជាពលរដ្ឋ ដែលចង់ចាក់វ៉ាក់សាំងកូវីដ ១៩ របស់ប្រទេសចិនដែលនឹងមកដល់កម្ពុជានៅខែកុម្ភៈ ខាងមុខនេះ ។

សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាក់ថា អ្នកដែលចង់ចាក់ អាចចាក់បាន ចំណែកអ្នកមិនចង់ចាក់ក៏មិនចាក់ទៅ ។ ដោយនៅក្នុងនោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវស្រង់ចំនួនប្រជាជន ដែលស្ម័គ្រចិត្តចាក់វ៉ាកសាំង របស់ប្រទេសចិន ដែលនឹងមកដល់ដំណាក់កាលដំបូងនេះ ចំនួន ៣០ ម៉ឺនដូស ។

ថ្លែងនៅក្នុងពិធីសម្ពោធអគារថ្មីនៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្ដេច ហ៊ុន សែន ថាសម្ដេច នឹងទៅទទួលវ៉ាក់សាំងនេះដោយផ្ទាល់តែម្ដង ហើយនៅក្នុងនោះដែរសម្ដេចនឹងចាក់មុនគេបង្អស់ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ៕

ប្រភព៖ ប្រជាប្រិយ