អតីត​អង្គរក្ស​របស់​ស្តេច​ចម្រៀង​ប៉ុប Michael Jackson បាន​អះអាង​ថា អតីត​តារា​ចម្រៀង​រូប​នេះ បាន​ទាយ​ដឹង​ថា នឹង​មាន​វីរុស​កូវីដ-១៩ រាតត្បាត ទើប​លោក​ជា​ញឹកញាប់​ឃើញ​ពាក់​ម៉ាស់​ជាប់​ពេល​ចេញ​ទៅ​ណា​មក​ណា ។

ជា​ការ​ពិត​ណាស់ បើ​ទោះ​បី​ជា​តារា​ចម្រៀង Michael Jackson មិន​បាន​ទាយ​ដឹង​ចំ​វីរុស​រាតត្បាត​ជា​សកល​នេះ​ទាំង​ស្រុង​ក៏​ពិត​មែន ប៉ុន្តែ​អតីត​អង្គរក្ស​របស់​លោក​ម្នាក់​ឈ្មោះ Matt Fiddes បាន​និយាយ​ថា តារា​ចម្រៀង​រូប​នេះ តែង​តែ​ពាក់​ម៉ាស់​ជានិច្ច ដោយសារ​តែ​លោក​មាន​បំណង​ការពារ​ខ្លួន​ពី​វីរុស​ឆ្លង​ណា​មួយ ដែល​អាច​ចម្លង​មក​លើ​ខ្លួន​លោក ។

ថ្លែង​ប្រាប់​សារព័ត៌មាន The Sun អតីត​អង្គរក្ស​វ័យ ៤១ ឆ្នាំ​រូប​នេះ​បាន​អះអាង​ថា «គាត់ (Michael Jackson) បាន​ដឹង​ថា ​គ្រោះ​មហន្តរាយ​​មួយ​នឹង​កើត​មាន​ឡើង ។ គាត់​តែងតែ​​គិត​ដឹង ហើយ​តែងតែ​ទាយ​ទុក​ថា ពួកយើង​នឹង​ត្រូវ​វិនាស​នៅ​ពេល​ណា​មួយ ហើយវា​ជា​មេរោគ​ដែល​អាច​រាលដាល​ឆ្លង» ។

លោក Matt ថែម​ទាំង​និយាយ​ទៀត​ថា លោក​ធ្លាប់​បាន​និយាយ​លេង​សើច សុំ Michael ឲ្យ​ឈប់​ពាក់​ម៉ាស់ ព្រោះ​លោក​មិន​ចង់​ជាប់​ក្នុង​រូបថត​ជាមួយ Michael ពេល​លោក​ពាក់​ម៉ាស់​បែប​នេះ ។ ព្រម​គ្នា​នោះ លោក​ទទួល​បាន​ចម្លើយ​តប​វិញ​ថា «Matt! ខ្ញុំ​អត់​អាច​ឈឺ​បាន​ទេ ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្ញុំ​ខក​ចិត្ត​ឡើយ ។ ខ្ញុំ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃ​ខាង​មុខ ។ ខ្ញុំ​រស់​នៅ​លើ​ផែនដី​នេះ​សុទ្ធ​តែ​មាន​ហេតុផល ខ្ញុំ​មិន​អាច​បំផ្លាញ​សំឡេង​ខ្ញុំ​ឡើយ ។ ខ្ញុំ​ត្រូវ​តែ​មាន​សុខភាព​ល្អ ។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​បាន​ជួប​ប៉ះពាល់​នរណា​ខ្លះ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ខ្ញុំ​អាច​ឆ្លង​ជំងឺ​អ្វី​ខ្លះ​មក​លើ​ខ្លួន​ដែរ» ។

លោក Matt បាន​អះអាង​បន្ថែម​ទៀត​ថា ប្រសិន​បើ Jackson នៅ​រស់ គាត់​នឹង​និយាយ​ថា «ខ្ញុំ​បាន​ប្រាប់​​ហើយ​តើ!» ទៅ​កាន់​គ្រប់​គ្នា ដែល​បច្ចុប្បន្ន​នាំ​គ្នា​បង្ខំ​ចិត្ត​ពាក់​ម៉ាស់ ដើម្បី​ការពារ​ការ​រាលដាល​ឆ្លង​វីរុស​កូវីដ-១៩ ៕

ប្រភពទាំងស្រុង៖ ប្រជាប្រិយ