បុរស​ចំណាស់​ម្នាក់​ព្រោះតែលង់ស្នេហ៍លើរូបថត​តាំងក្នុងប្រូហ្វាល់ហ្វេសប៊ុកមានឈ្មោះថា ​វណ្ណា ដែល​បាន​ប្រើល្បិច​យក​រូប​តារាចម្រៀង​ល្បី​របស់​កូរ៉េ Jennie Blackpink ធ្វើជា​រូប​ប្រូ​ហ្វា​ល់​អស់​រយៈពេល៦ខែ ខាត​អស់ប្រាក់​ជាង​7000​បាត (​ជាង​200$)​។​

ករណីនេះ បានចេញផ្សាយដោយបណ្ដាញសារព័ត៌មាន​ប្រទេស​ថៃ​កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​នេះ ​ដែលមាន​មនុស្ស​ចុច​ចែករំលែក​យ៉ាងច្រើន​លើ​បណ្ដាញ​សង្គម ​ក្នុងករណី​បុរស​ចំណាស់​ម្នាក់​ចាញ់បោក​រូបថត​ ហើយ​ត្រូវបាន​គណនី​ហ្វេ​ស​ប៊ុកមួយ​ចេញមក​ផុស​រៀបរាប់​រឿងរ៉ាវ​នេះ​លើ​គណនី​របស់ខ្លួន​ថា​ “​ចប់​ហើយ អាណិតលោក​អ៊ុំណាស់ ប្អូនស្រី Jennie Blackpink ប្ដូរ​ឈ្មោះ​ជា វណ្ណា ពី​ពេលណា​? សំខាន់​បញ្ជី​ធនាគារ បែរជា​ឈ្មោះ​ឡាត់​ដាវណ្ណា អ៊ូយ អស់សំណើច​”។

រឿងរ៉ាវ​ស្នេហា​បោកប្រាស់​នេះ​ បាន​បែកធ្លាយ​នៅពេល​សាមីខ្លួន​ខាង​ប្រុស​បាន​ចេញមក​ដាស់តឿន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ ដោយ​រៀបរាប់​រឿងរ៉ាវ​របស់ខ្លួន​ថា​ “​ខ្លួន​បាន​សេពគប់​ជាមួយ​នារី​ម្នាក់​តាម​រយៈហ្វេ​ស​ប៊ុ​កជាង៦ខែ​មកហើយ ដោយ​ខាង​ស្រី​បាន​ប្រើប្រាស់​រូបថត​ក្លែងក្លាយ​ហើយ​ប្រើ​ឈ្មោះថា វណ្ណា បាន​បោកប្រាស់​យកលុយ​ខ្លួន​អស់ ៧០០០ បាត (​ជាង 200$) បន្ទាប់មក​ស្រាប់តែ​ត្រូវ​ប្លក់​(Block) ហ្វេ​ស​ប៊ុ​កលែង​ទំនាក់ទំនង​បានតែ​ម្ដង ។

ចុងក្រោយ​អ៊ុំប្រុស​រូបនោះ​ បាន​ផុស​បន្ថែមទៀតថា​ ” តើ​មាន​អ្នកណា​ដឹង​ទេ​ថា​រូប​ប្រូ​ហ្វាល់​ដែល​នាង​យកមក​បោក​ខ្ញុំ​ជា​អ្នកណា ឈ្មោះ​អ្វី ខ្ញុំ​ស្រលាញ់​មនុស្ស​ក្នុង​រូបថត​នេះ​ពិតមែន ខ្ញុំ​ចង់ទៅ​ស្ដីដណ្ដឹង​នាង ទោះ​អស់​ប៉ុន្មាន​ក៏​ខ្ញុំ​យល់ព្រម​ដែរ​”

សូមបញ្ជាក់​ផងដែរ​ថា Jennie គឺជា​សមាជិក​មួយរូប​របស់​ក្រុម​ចម្រៀង​ល្បី​របស់​កូរ៉េខាងត្បូង Blackpink ដែល​ភាពល្បីល្បាញ​របស់​ក្រុម​នេះ​មាន​កម្រិត​លំដាប់​ពិភពលោក​៕