នៅ​ថ្ងៃ​ពុធ ទី ២៤ ខែ​មីនា ឆ្នាំ ២០២១ នេះ ក្រសួង​សុខាភិបាល​ប្រចាំ​ប្រទេស​ឥណ្ឌា បាន​ប្រកាស​រក​ឃើញ​វីរុស​កូវីដ-១៩ ប្រភេទ​ថ្មី បំប្លែង​ខ្លួន​ទ្វេ​ដង «double mutant variant» ខណៈ​រដ្ឋាភិបាល​​កំពុង​មាន​ការ​ព្រួយបារម្ភ​ជុំវិញ​ផលវិបាក​គ្រប់គ្រង​ការ​រាតត្បាត​ឆ្លង និង​ស្លា.ប់​នៃ​វីរុស​ថ្មី​ក្នុង​ឆ្នាំ​នេះ ។

ការ​ពិនិត្យ​លើ​សំណាក​ហ្សែន​យកពី​រដ្ឋ Maharashtra បាន​រក​ឃើញ​ការ​បំប្លែង​ថ្មី​ក្នុង​វីរុស​កូវីដ-១៩ នេះ ដែល​មិន​ស៊ី​គ្នា​ទៅ​នឹង​បញ្ជីប្រភេទវីរុស​បំប្លែង​ថ្មី​គួរ​ឱ្យបារម្ភ «Variants of Concern» មុន​ៗ​ឡើយ ។

រដ្ឋ Maharashtra គឺ​ជា​រដ្ឋ​មួយក្នុង​ប្រទេស​ឥណ្ឌា ​រង​ការ​រាតត្បាត​ពី​កូវីដ-១៩ ខ្លាំងក្លា​ជាង​គេ​ ។ ទោះ​ជា​យ៉ាង​ណា ខាង​ក្រសួង​សុខាភិបាល មិន​បានលើកឡើងឡើយ​ថា វីរុស​បំប្លែង​ខ្លួនថ្មី​នេះ ជាវីរុស​បង្ក​ឱ្យមាន​ការ​រាលដាល​ឆ្លង​ខ្លាំង​ក្នុង​រដ្ឋ​នេះ ឬ ​រដ្ឋ​ដទៃ​ទៀត​នោះទេ ។

គិត​ត្រឹម​ថ្ងៃ​ពុធ ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​កូវីដ-១៩ សរុប​ចំនួន ១១.៧ លាន​នាក់ ខណៈ​អ្នក​ស្លា.ប់​មាន​ចំនួន ១៦០ ៤៤១ នាក់ ៕