នៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះ តាមរយៈសារសំឡេង សម្ដេចតេជោ ហ៊ុន សែន នៅក្នុងគ្រុបឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា សម្ដេចបានស្នើឱ្យសិក្សាដាក់អ្នកជំងឺស្រាលព្យាបាលនៅតាមផ្ទះរៀងៗខ្លួន ក្នុងករណីដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនថមថយ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា « ឥលូវនេះ យើងត្រូវព្យាករណ៍សភាពការណ៍ជាមុន អំពីសមត្ថភាពទ្រទ្រង់បាន នៃមន្ទីរពេទ្យរបស់យើង

ប្រសិនបើជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរ ជោរជន់ទៅដោយអ្នកជំងឺ ទាំងស្រាល ទាំងធ្ងន់

ដូច្នេះគឺយើងត្រូវមានការរៀបចំមួយ ដែលយកតាមវិធីសាស្ត្របណ្ដាប្រទេស ដែលមានអ្នកជំងឺច្រើន រាប់ទាំងនៅអាមេរិក បារាំង អឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺ លើសពីចំនួនប្រជាជន ចំនួនពេទ្យដែលអាចទទួលបាន » ។

សម្ដេចបានថ្លែងបន្ត ដោយស្នើឱ្យក្រុមការងារ រៀបចំនូវក្រមប្រណិប័ត សម្រាប់ការព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច លុះដល់ពេលណាមួយ ត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកការព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទុកសម្រាប់ការព្យាបាលនៅតាមផ្ទះ

ដោយយើងមិនអាចទទួលអស់ទេ ក្នុងករណីកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន ទោះបីជារៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏នៅតែមិនគ្រប់ដែរ

ដូច្នេះដំណោះស្រាយ មានតែទុកអ្នកដែលមានវិជ្ជមានកូវីដស្រាល ទុកព្យាបាលនៅតាមផ្ទះទៅវិញ ស្របតាមការវិនិច្ឆ័យឱ្យបានច្បាស់ ៕

ប្រភព៖ ប្រជាប្រិយ