យោងទៅតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានអោយដឹងថា កសិករដាំស្វាយកែវរមៀតនៅក្នុងសហគមន៍គិរីរម្យបានងាកមកបេះក្តឹបស្វាយបំពេញតម្រូវការទីផ្សារម្ជូរក្នុងស្រុកវិញ

ដែលចូលរួមកាត់បន្ថយការនាំចូលក្តឹបស្វាយពីក្រៅប្រទេស និងកាត់បន្ថយការធ្លាក់ចុះខ្លាំងនៃតម្លៃស្វាយ នៅរដូវប្រមូលផលស្វាយ ព្រមទាំងកាត់បន្ថយចំនួនស្វាយទុំជ្រុះ នៅរដូវខែជន់ស្វាយ ក្នុងចន្លោះខែកុម្ភៈដល់ខែមេសាផងដែរ។

លោកស្រី ឈិន ចម្រើន នាយកប្រតិបត្តិសហគមន៍នេះបានអោយដឹងថា “រយៈពេលក្រោយនេះ កសិករបានចាប់ផ្តើមប្រលេះ ក្តឹបស្វាយមួយផ្នែកចេញមកលក់ ដោយរក្សាទុកតែបរិមាណតិចតួច ក្នុងមួយទងសម្រាប់ខ្ចប់ ដើម្បីឱ្យស្វាយមានផ្លែធំល្អ និងមានគុណភាព លក់បានតម្លៃថ្លៃ។

លោកស្រី បានបន្តទៀតថា ក្តឹបស្វាយប្រើរយៈពេលតែ៣៥ថ្ងៃប៉ុណ្ណោះ ក្នុងការទទួលបានផលយកមកលក់ ដែលធ្វើឱ្យអ្នកដាំចំណេញពេលវេលា ចំណេញដើមទុនក្នុងការផលិត

ហើយក្នុងមួយឆ្នាំអាចធ្វើបានច្រើនដង និងមិនបារម្ភពីហានិភ័យនៃការធ្លាក់តម្លៃដូចស្វាយធំទេ ហើយតម្លៃក្ដឹបស្វាយបច្ចុប្បន្នអាចលក់ចេញ បានក្នុងតម្លៃចាប់ពី១៥០០រៀលទៅ៤០០០រៀល។”

លោកស្រីក៏បានបន្ថែមទៀតថា ក្តឹបស្វាយប៉ុនមេជើង គឺវាមានតម្លៃជាងស្វាយនៅពេលដែលយើងទុកឱ្យវាធំ ដោយមួយគីឡូចន្លោះពី១៥០០រៀលទៅ៤០០០រៀលតាមខែតាមរដូវ

ចឹងបើយើងបេះតែក្ដឹបស្វាយសុទ្ធ គឺយើងគិតថាវាចំណេញច្រើនជាងស្វាយធំព្រោះប្រទេសកម្ពុជាយើង តម្រូវការស្វាយខ្ចីគឺក្ដឹបស្វាយនេះ សម្រាប់បរិភោគជាម្ជូរច្រើនជាងការទិញស្វាយធំសម្រាប់ធ្វើជាម្ជូរ នេះជាការស្រាវជ្រាវរបស់ខ្ញុំ យើងសង្កេតឃើញនៅតាមម្ជូរវត្តភ្នំ និងតាមទូលក់ម្ជូរ។

សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីដាំដំណាំស្វាយ ចំនួន១៣១ ៨៩០ហិកតា ក្នុងនោះផ្ទៃដីប្រមូលជាង៩ម៉ឺនហិកតា។ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញស្វាយស្រស់ចំនួន១៦៣ ៨២៨តោនកើនឡើងចំនួន២៥១.០៣% ដោយនាំចេញទៅប្រទេសថៃ ចិន ហុងកុង កូរ៉េ សិង្ហបុរី និងប្រទេសគុយវ៉ែត៕

ប្រភព៖ kbn news