ពលករ៧នាក់បានស្លា ប់ និង១៦នាក់បានបញ្ជូនមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ដោយសារផឹកអាល់កុលលាយជាមួយទឹកភេសជ្ជៈ ក្នុងមណ្ឌលចត្តាឡីស័ក កាលពីយប់ថ្ងៃទី១១ វិច្ឆិកា។ នេះបើតាមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីពុ លអាល់កុលនេះ គឺដោយសារជនរងគ្រោះមានបំណងចង់ផឹកស្រា ទើបយកភេសជ្ជៈ ទៅលាយបញ្ចូលគ្នា ជាមួយអាល់កុលផឹក។

អភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា អ្នកពុ លមានចំនួន២៣នាក់ ក្នុងនោះបានស្លា ប់៧នាក់ ក្រោយបញ្ចូនទៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។ ចំណែក ១៦នាក់ទៀត កំពុងសម្រាកនិងតាមដានបន្តក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

លោក គាត ហ៊ុល ថ្លែងយ៉ាងដូច្នេះថា៖ «អ្នកពុ លទាំងនោះជាពលករ ដែលកំពុងធ្វើចត្តាឡីស័ក ហើយកន្លែងចត្តាឡីស័កមិនអនុញ្ញាតឲ្យយកស្រាចូលឡើយ។ ដូច្នេះ ពួកគេក៏លាយអាល់កុល ជាមួយទឹកអូអ៊ិឈិនិងស្ទីង ដើម្បីផឹក ដូចដែលពួកគេធ្លាប់លាយផឹកកាលនៅប្រទេសថៃ។ ផឹកហើយក៏ពុ លជាបន្តបន្ទាប់»។

ជាមួយគ្នាដែរ អភិបាលក្រុងរូបនេះ បានអំពាវនាវសុំឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន លើចំណីអាហារនិងភេសជ្ជៈ នៅពេលបរិភោគ ពោលគឺត្រូវពិនិត្យនិងជៀសវាង ការលាយបញ្ជូលគ្នាដោយគ្មានក្បួនច្បាប់ត្រឹមត្រូវ៕

ប្រភព៖ ថ្មីៗ